សេចក្តីណែនាំ¶
ក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ឧបករណ៍បច្ចេកវិទ្យាបានជ្រៀតចូល និងក្លាយជាផ្នែកសំខាន់មួយនៃសកម្មភាពធុរកិច្ចប្រចាំថ្ងៃ។ ប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ ការទំនាក់ទំនង និងការសម្រេចចិត្ត ត្រូវបានផ្លាស់ប្តូរទៅកាន់ប្រព័ន្ធឌីជីថលកាន់តែច្រើន បូករួមទាំងវិធីសាស្រ្តក្នុងការអភិវឌ្ឍសមត្ថភាពផងដែរ ដោយកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមួយចំនួនត្រូវបម្លែងទៅជាការសិក្សាតាមប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួល បត់បែន និងអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជំនាញបានទាន់ពេលវេលា។ ដោយមើលឃើញពីការវិវត្ត និងអត្ថប្រយោជន៍ ទើប App នៃប្រព័ន្ធសិក្សាតាមឌីជីថល (ARDB-LMS) ត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រដល់ការសិក្សាជាបន្តបន្ទាប់ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅធ្វើស្វ័យសិក្សាលើមេរៀន ផ្សេងៗតាមចំណង់ចំណូលចិត្ត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទន្ទឹមគ្នានេះ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ “សេចក្ដីណែនាំស្ដីពីការប្រើប្រាស់” ត្រូវបានរៀបចំឡើងជាឯកសារ ដើម្បីជួយអ្នកប្រើប្រាស់យល់ដឹងអំពីដំណើរការមុខងារ និងលក្ខណៈពិសេសនានារបស់ App និងធានាឱ្យមានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងរលូន។